Топ-100
Back

ⓘ អាប្រាហាម លីនខូន. អាប្រាហាម​ លីនខូន បាន​កើត​នៅ​ថ្ងៃទី ១២​ ខែកុម្ភៈ ឆ្នាំ ១៨០៩ ដោយ​មាន​ឪពុក​ជា​​ជាង​ឈើ​ម្នាក់​ឈ្មោះ ថូម៉ាស លីនខូន និង​ ម្តាយ​ឈ្មោះ ណេនស៊ី នៅ​ក្នុ ..




អាប្រាហាម លីនខូន
                                     

ⓘ អាប្រាហាម លីនខូន

អាប្រាហាម​ លីនខូន បាន​កើត​នៅ​ថ្ងៃទី ១២​ ខែកុម្ភៈ ឆ្នាំ ១៨០៩ ដោយ​មាន​ឪពុក​ជា​​ជាង​ឈើ​ម្នាក់​ឈ្មោះ ថូម៉ាស លីនខូន និង​ ម្តាយ​ឈ្មោះ ណេនស៊ី នៅ​ក្នុង​ផ្ទះឈើ​ដ៏​តូច​មួយ​នៅ​ តំបន់ ហាឌីន រដ្ឋខេនថាក់ឃី ។ ​ម្តាយ​របស់​គាត់​បាន​ស្លាប់​ដោយពុលទឹកដោះគោ នៅពេល​ដែល​គាត់​ទើ​បតែ​មាន​អាយុ​ ៩​ឆ្នាំ ហើយ​ឪពុក​គាត់​ក៏​បាន​រៀប​ការ​ម្តង​ទៀត។ គាត់​​និង​ម្តាយ​ក្រោយ​របស់​គាត់​ ចុះ​សម្រុង​គ្នា​យ៉ាង​ល្អ ដែល​គាត់​ហៅ​គាត់​ថា ម៉ែៗ" ពេញៗមាត់។ បើ​ទោះ​ជា​យ៉ាង​នេះ​ក្តី ទំនាក់ទំនង​របស់គាត់​និង​ឪពុក​របស់​គាត់​ចាប់​ផ្តើម​ឃ្លាត​ឆ្ងាយពី​គ្នា​ ម្តង​បន្តិចៗ។ គាត់​ចំណាយ​ពេល​ប្រហែល​តែ​ ១៨​ ខែ​ប៉ុណ្ណោះ​នៅ​សាលារដ្ឋ ក្រៅពីនេះគាត់​បាន​បង្រៀន​ខ្លួន​គាត់​ពី​របៀប​អាន​ និង​សរសេរ។ គាត់​ជាមនុស្ស​ម្នាក់ដែល​ចូលចិត្ត​អាន​សៀវ​ភៅជា​ទី​បំផុត។ គាត់​ធ្លាប់​បាន​និយាយថា ខ្ញុំ​មិនបានរៀនជា​មួយ​អ្នក​ណា​ម្នាក់ទេ "។

                                     

1. ជីវិត​ស្នេហា

គាត់​បាន​ចាប់​ផ្តើម​ទាក់​ទង​នារី​ ម្នាក់ឈ្មោះថា អាន​ រុទលេដជ៏ Ann Rutledge នៅពេលដែល​គាត់​មានអាយុ​ ២៦​ឆ្នាំ តែគួរ​ឲ្យ​សោក​ស្តាយ​ព្រោះនារី​ម្នាក់នៅ​បាន​ស្លាប់​នៅ​ពេល​ក្រោយ​បន្តិច​មក ​ដោយ​សារ​ ជម្ងឺគ្រុនពោះវៀន។ បន្ទាប់​មកនៅ​ឆ្នាំ ១៨៤០ គាត់​បាន​ជួប​នារី​អ្នក​មាន​ម្នាក់​ឈ្មោះថា ម៉ារី ថូដ Mary Todd ហើយ​បានរៀប​ការ​ជាមួយ​គ្នានៅ ថ្ងៃទី៤ខែវិច្ឆិកា ឆ្នាំ ១៨៤២។ ពួក​គេ​មាន​កូន​ជាមួយ​គ្នា ៤នាក់​សុទ្ធតែ​ប្រុស តែ៣​នាក់​បាន​ស្លាប់​មុនពេល​ដែល​គេ​រស់​បានដល់​អាយុ​ ១៨ឆ្នាំ ហើយ​កូន​ប្រុស​តែ​ម្នាក់​ដែល​នៅរស់​បានកាន់​តំណែង​ជា រដ្ឋលេខាធិការ​ខាង​សង្រ្គាម ជា​មនុស្ស​ជំនិតម្នាក់​ក្នុង​ខុទ្ទិការល័យ​ប្រធានាធិបតី។

                                     

2. ដំណើរ​ជីវិត និង ការ​ងារ

គាត់​ចាប់ ​ផ្តើ​មធ្វើ​នយោបាយ​នៅឆ្នាំ​១៨៣២ នៅ​ពេល​ដែល​គាត់​ធ្វើ​យុទ្ធនាការ​សម្រាប់​តំណែងសភា​ប្រចាំ រដ្ឋអ៊ីលីណយ Illinois។​ ដោយ​មិន​ទទួល​បាន​ជ័យ​ជំនះ គាត់​បាន​ទៅ​ធ្វើ​ជា​ ម្ចាស់​បុស្តិ័​ប្រេសណិយ៍ និង​ជា​អ្នក​ត្រួតពិនិត្យដីធ្លី County Surveyor។ ២ឆ្នាំ ក្រោយ​មក​គាត់​ក៏​បានទទួល​ជ័យ​ជំនះ ហើយ​បាន​ធ្វើជា​អ្នកតំណាង​រាស្រ្តប្រចាំរដ្ឋ អ៊ីលីណយ អស់​រយៈពេល ៤អាណត្តិជាប់ៗគ្នា។ នៅឆ្នាំ ១៨៤៦ គាត់​ក៏​ត្រូវបាន​​ជាប់​ឆ្នោត​ឲ្យ​កាន់​ដំណែងអ្នក​តំណាង​រដ្ឋនៅ​សភា​ជាន់ទាប ​របស់​ សហរដ្ឋអាមេរិច ១អាណត្តិដែល​មាន​រយៈ​ពេល ២ឆ្នាំ។ គាត់​បាន​ចាក​ចេញ​ពី​នយោ​បាយ​ហើយ​បាន​ទៅប្រក​ប​អា​ជីព​ជា​ មេធាវី​ អស់​រយៈពេល​ ១០ឆ្នាំ ពីឆ្នាំ ១៨៤៩ ដល់ឆ្នាំ ១៨៥៩ ដែល​គាត់​បាន​ឈ្នះរឿង​ក្តី​ក្តាំ​ជា​ច្រើន​។ ក្នុង​កំឡុង​ពេល​នោះដែល គាត់​បាន​បង្រៀន​ខ្លូនឯង​ជាខ្លាំង ដោយ​បាន អាន សៀវភៅ ច្បាប់ជា​ច្រើន ជាពិសេស​សៀវភៅ​ច្បាប់ដ៏​​ល្បីល្បាញ Commentaries on Law of England។ នៅឆ្នាំ ១៨៦០ គាត់​បាន​ឈរឈ្មោះ​សម្រាប់តំណែង​ប្រធានាធិបតី ហើយ​ក៏​បាន​ជាប់​ឆ្នោត​ជា​ប្រធានាធិបតីទី ១៦ របស់​សហរដ្ឋ អាមេរិច នៅថ្ងៃទី ០៦ ខែវិច្ឆិកា ឆ្នាំ ១៨៦០ ដោយ​យក​ឈ្នះបេក្ខភាព ៣រូបទៀត​មកពី គណបក្សប្រជាធិបតេយ្យ គណបក្ស ប្រជាធិបតេយ្យខាងត្បូង និង គណបក្ស វីជ Whig។

គោល ​នយោ​បាយ​ចំបង​របស់​គាត់ក្នុង​ការ​បំបាត់​របប​ទាសភាព បានធ្វើ​ឲ្យរដ្ឋខាង​ត្បូងដែល​ពឹងផ្អែកលើ​កសិកម្ម​ដែល​ត្រូវ​ការ​កម្លាំង​ ទាសករ​ច្រើន ចាប់​ផ្តើម​ដក​ខ្លួន​ម្តង​មួយៗ ហើយ​បង្កើត​ជា​សហព័ន្ធ មួយ ទៀតដែល​ហៅថា រដ្ឋសហព័ន្ធអាមេរិច Confederates States of America។ សង្រ្គាម​ក្នុង​ស្រុក​បានចាប់ផ្តើម​នៅ​ឆ្នាំបន្ទាប់ ហើយ​ចប់ទៅ​វិញនៅឆ្នាំ ១៨៦៥ ដោយ​ខាង សហរដ្ឋអាមេរិច ទទួល​បានជ័យ​ជំនះតែទទួលនូវ​ការ​ខាត​បង់យ៉ាង​ច្រើន​ជា​ទី​បំផុត។ កំឡុង​ពេល​សង្រ្គាមនៅ​ថ្ងែទី ០១ ខែមករា ឆ្នាំ ១៨៦៣ គាត់់​បាន​ចេញសេចក្តី​ប្រកាសពីការ​លុប​បំបាត់​របប​ទាសភាព Emancipation Proclamation ដែល​បាន​ដោះ​លែង​ទាស​ករ​ចំនួន​ ៣លាន ១សែននាក់ និង​បន្ត​ទៅ​ដោះលែង​ឲ្យ​អស់​សំដៅ​​លុប​បំបាត់​របបនេះ​នៅ ពេលចប់សង្គ្រាម។ គាត់​បានជាប់​ឆ្នោត​សម្រាប់​អាណត្តិ​ទី២ ដោយ​លទ្ធផល​យ៉ាងភ្លួកទឹកភ្លួកដីនៅឆ្នាំ ១៨៦៤ ហើយបាន​ស្បថ​ចូល​កាន់​តំណែងនៅ ថ្ងៃទី ០៤ ខែមិនា ឆ្នាំ ១៨៦៥។

                                     

3. មរណៈ​ភាព

មួយ​រយៈពេល​ក្រោយ​មកនៅថ្ងៃទី ១៤ ខែមេសា ឆ្នាំដដែល ពួកខាង​ត្បូង​បានចុះ​ចាញ់​នៅ​ថ្ងៃទី ០៩ ខែមេសា នៅពេលយប់​ប្រហែល ម៉ោង ១០​ និង​ ១៣ នាទី នៅពេលដែល​គាត់​កំពុង​ទស្សនា​ល្ខោនរឿង បង​ប្អូន​ជីដូន​មួយ​អាមេរិច​​កាំង​របស់យើង Our American Cousin នៅរោង​កុន ហ្វត Fords Theater គាត់​ត្រូវ​បាន​ឃាតករឈ្មោះ ចន វិកឃ៏ ប៊ូត John Wilkes Booth) លប​បាញ់​ដោយ​កាំភ្លើង​​ខ្លី ត្រូវ​ចំ​ក្បាល​ផ្នែក​ខាង​​ក្រោយ។ គាត់​បានទទួល​មរណភាព​នៅ​ព្រឹក​បន្ទាប់នៅផ្ទះ ផេទធរសុន Peterson House ដែល​នៅ​ទល់​មុខ​នឹង​រោង​កុន នៅ​ម៉ោង ០៧ និង​ ២២ នាទី បន្ទាប់ពី​សន្លប់អស់រយៈពេល ០៩ ម៉ោង​មក។ សាកសព​របស់​គាត់​ត្រូ​វបានគេ​យក​ទៅ​កប់នៅ ស្រ្ពីង​ហ្វៀល Springfield រដ្ឋអ៊ីលីណយ ដែល​ក្រោយ​មក​ភរិយា​និង កូនទាំង៣​របស់គាត់​ក៏​ត្រូវ​បាន​គេ​យក​បញ្ចុះនៅ​ទីនេះ​ដែល។

                                     

4. កេរ្តិ៍​ឈ្មោះ

សម្រាប់អ្នក ​ដែល​គាំទ្រការ​រំលាយ​របប​ទាសភាព បាន​ចាត់ទុកគាត់ជា​ កំពូល​មនុស្ស​ដើម្បី​សេរីភាពនៃ​មនុស្ស​លោក Champion for Human Liberty ជាង​នេះទៅទៀត គាត់​ត្រូវ​បានគេ​ចាត់ទុក​ជា​ប្រធា​នាធិបតី​ដ៏​អស្ចារ្យ​ទី១ ក្នុងចំណោម​ប្រធានាធិបតី​ដ៏អស្ចារ្យទាំង ៣ របស់​សហរដ្ឋអាមេរិច ២នាក់ទៀតគឺ George Washington និង Franklin D. Roosevelt ដោយ​ប្រជាពលរដ្ឋ និង​ អ្នក​ប្រវត្តិសាស្ត្រ​អាមេរិចកាំង។ នៅឆ្នាំ ២០០៥ រដ្ឋ១០ បានប្រកាសយក​ថ្ងៃ​កំណើត​របស់គាត់ធ្វើជា​បុណ្យ​ជាតិ។ លើ​សពី​នេះទៅទៀត ប្រេសណិយ៍​អាមេរិចកាំង ក៏​មានតែមតម្លៃ​ ៤សេន​ជារូបគាត់ រូប​និង​ក្រដាស​ប្រាក់​ ៥ដុល្លារ និង​កាក់ជារូបគាត់។ រូប​របស់​គាត់​ក៏​មាន​នៅពាស​ពេញ​សហរដ្ឋ​អាមេរិចដែរ ដូចជា វិមាន​អនុស្សាវរីយ៍ លីនខូន Lincoln Memorial នៅរដ្ឋធានី វ៉ាស៊ីនថុន ឌីស៊ី Washington D.C និង​ល្បី​បំផុតនៅភ្នំរ៉ាសម័រ​​ Mount Rushmore ដែល​ផ្ទៃមុខ​របស់គាត់​ត្រូវ​បាន​ដាប់​ជាប់​នឹង​ជញ្ជាំងភ្នំ។ រឿង​អស្ចារ្យរបស់​គាត់​ជា​ចុង​ក្រោយ​នោះ​គឺ គាត់ជា​ប្រធា​នាធិបតី​អាមេរិក ដែល​ខ្ពស់បំផុត ១៩៥ សង់ទីម៉ែត។