Топ-100
Back

ⓘ សូយ៌្យវម៌្មទី១. វ្រះបាទ សូយ៌្យវម៌្មទី១ រជ្ជកាល ព្រះនាមពេលសោយរាជ្យ ធូលីវ្រះបាទកម្រតេងកំត្វន អញឝ្រីសូយ្យ៌វម្ម៌ទេវ ។ ព្រះអង្គតំរូវឲ្យមន្ត្រីទាំងអស់ធ្វើសច្ចាប្រណិធា ..




សូយ៌្យវម៌្មទី១
                                     

ⓘ សូយ៌្យវម៌្មទី១

វ្រះបាទ សូយ៌្យវម៌្មទី១ រជ្ជកាល ព្រះនាមពេលសោយរាជ្យ ធូលីវ្រះបាទកម្រតេងកំត្វន អញឝ្រីសូយ្យ៌វម្ម៌ទេវ ។ ព្រះអង្គតំរូវឲ្យមន្ត្រីទាំងអស់ធ្វើសច្ចាប្រណិធាន ដូចមានចារឹកនៅលើសសរ ក្លោងទ្វារចូលប្រាសាទភិមានអាកាស និងប្រាសាទឃ្លាំងជើង-ត្បូង។ ព្រះអង្គជាក្សត្រកាន់ព្រហ្មញ្ញសាសនា និកាយព្រះសិវ ព្រះអគ្គមហេសីព្រះនាម វីរលក្ឝ្មី ជាប់ខ្សែជាមួយវ្រះបាទហឝ៌វម៌្មទី១ និង ឦឝានវម៌្មទី២។ ព្រះអង្គកសាងប្រាសាទឃ្លាំងជើង-ត្បូង ភ្នំជីសូយ៌ ភ្នំព្រះវិហារ ស្ថាបនាបង្ហើយប្រាសាទភិមានអាកាស និងប្រាសាទវត្តឯកភ្នំជាដើម។ រាជបុរោហិត គឺឆូលីជេងវ្រះកម្រតេង អញឝ្រីជយេន្ទ្របណ្ឌិត ដែលត្រូវជាប្អូនថ្លៃ របស់ព្រះអង្គ។

សូយ៌្យវម៌្មទី១បានជ្រែករាជ្យវ្រះបាទឧទយាទិត្យវម៌្មទី១ ដោយបង្ក្រាបកងទ័ពរបស់ព្រះអង្គក្នុងឆ្នាំប្រហែល ១០០២។ វ្រះបាទ​សូយ៌្យវម៌្មទី១ ដែល​ទ្រង់​បាន​ដណ្ដើម​រាជ្យ​ពី​វ្រះបាទ​ជយវីរវម៌្មនេះ​ បាន​អះអាង​ថាព្រះអង្គ​ទ្រង់​ជាប់​ព្រះ​ញាតិ​ខាង​មាតា​វ្រះបាទ​ឥន្ទ្រវម៌្មទី១ និង​ជាប់​ញាតិ​ទៅ​នឹង​ព្រះរាជ​បុត្រា​របស់​ព្រះអង្គ គឺយឝោវម៌្មទី១ ហើយ​ទំនង​ជា​មាន​កំណើត​កើត​ជា​នៅ​តម្ព្រ​លិង្គ នគរ​ស្រី​ធម្មរាជ ដែល​មាន​តំបន់លីហ្គរជា​មណ្ឌល​កណ្ដាល គឺ​ដែន​ដី​នៅ​ភាគ​ខាង​ជើង​ជ្រោយ​ម៉ាឡេស៊ី សូយ៌្យវម៌្មជារាជបុត្រនៃក្សត្រតម្ព្រលិង្គ ជានគរកាន់ពុទ្ធសាសនាតូចមួយលើទៀបកោះម៉ាឡេ ថៃសម័យបច្ចុប្បន្ន ដែលជារដ្ឋចំណុះនៃរដ្ឋសត្រូវអង្គរ គឺឝ្រីវិជ័យ។ ដែន​ដី​នេះ​ជា​សម្បត្តិ​របស់​អាណាចក្រភ្វូណាន រួច​បន្ត​មក​កម្វុជទឹក ហើយ​ស្ថិត​នៅ​ជា​របស់​ខ្មែរ​រហូត​ដល់​ឆ្នាំ​ ១២២០ ទើប​បាត់​បង់។

នៅ​ក្នុង​ការ​វាយ​ដណ្ដើម​រាជ្យ​ពី​វ្រះបាទជយវីរវម៌្ម ព្រះអង្គ​រៀប​ចេញ​ដំណើរ​រៀប​ចំ​ទ័ព​ពី​ខេត្ត​នគររាជ ហើយ​នាំ​ទ័ព​វាយ​ទន្ទ្រាន​យក​បាន​ក្រុង​អង្គរ​នៅ​ឆ្នាំ​១០០៦ ហើយ​ថ្វី​ត្បិត​តែ​រហូត​ដល់​ឆ្នាំ ​១០១០ ទើប​ព្រះអង្គ​ទ្រង់​វាយ​ឈ្នះ​ជា​ស្ថាពរ​ក៏ដោយ ក៏​វ្រះបាទ​សូយ៌្យវម៌្មទី១ ទ្រង់​ចាត់​ទុក​ថា ព្រះអង្គ​បាន​ឡើង​សោយរាជ្យ​តាំង​ពី​ឆ្នាំ​ ១០០២ គឺ​ដំណាល​គ្នា​នឹង​វ្រះបាទជយវីរវម៌្មម្ល៉េះ។ បន្ទាប់ពីសង្គ្រាមអូសបន្លាយជាមួយអ្នកនឹងត្រូវឡើងស្នងរាជ្យបន្តពីឧទយាទិត្យវម៌្មទី១ គឺជយវីរវម៌្មដែលមានដើមកំណើតម៉ាឡេចេញពីនគរម៉ាឡេបុរាណ បច្ចុប្បន្នម៉ាឡេស៊ី សូយ៌្យវម៌្មទី១បានប្រកាសឡើងសោយរាជ្យនៅឆ្នាំ ១០១០។ ក្រោយ​ពី​បាន​ជ័យ​ជំនះ​ហើយ ព្រះអង្គ​ទ្រង់​បាន​រៀប​អភិសេក​ជាមួយ​នឹង​អតីត​អគ្គមហេសី​របស់​វ្រះបាទ​ជយវីរវម៌្ម ថែម​ទៀត​ផង។ នៅ​ឆ្នាំ ​១០១១ ព្រះអង្គ​ទ្រង់​បាន​បញ្ជា​អោយ​នាម៉ឺន​សព្វ​មុខ​មន្ត្រី ធ្វើ​ការ​ស្បថ​សច្ចា​ថា ស្មោះ​ត្រង់​នឹង​ព្រះអង្គ​ក្នុង​គ្រប់​កាលៈទេសៈ ពោល​គឺ​ទោះ​ស្ថិត​ក្នុង​ពេល​សង្គ្រាម​ក្តី ឬ​ក៏​ក្នុង​ពេល​មាន​សុខ​សន្តិភាព​ក្តី។ អត្ថបទ​សច្ចាប្រណិធាន​នេះ​មាន​ចារ​នៅ​ខ្លោងទ្វារ​ចូល​ទៅ​ព្រះបរមរាជវាំង។

វ្រះបាទ​សូយ៌្យវម៌្មទី១ ទ្រង់​ជា​ស្ដេច​សឹក​ដ៏​អង់អាច​ក្លាហាន​បំផុត។ ព្រះអង្គ​ទ្រង់​បាន​លើក​ទ័ព​ទៅ​វាយ​ពួក​មន​នៅ​ហរិបុញ្ជយ លាំពូន ហើយ​និង​យុទ្ធនាការ​ដោយ​ជោគជ័យ​ជាច្រើន​លើក​ទៀត ធ្វើ​អោយ​ព្រះអង្គ​អាច​ត្រួតត្រា​បាន​គ្រប​ដណ្ដប់​លើ​វាល​ទំនាប​ទន្លេ​មេទឹក ទាំង​មូល និង​វាល​ទំនាប​ទន្លេ​មេគង្គ​រហូត​ដល់​ហ្លួង​ព្រះ​បាំង។ ក្នុង​វិស័យ​សំណង់ វ្រះបាទ​សូយ៌្យវម៌្មទី១ ទំនង​ជា​បាន​ស្ថាបនា​បង្ហើយ​ប្រាសាទ​ភិមាន​អាកាស ប្រាសាទ​តាកែវ និង​គោបុរៈ នៃ​រាជវាំង។ ក្រៅ​ពី​នេះ ព្រះអង្គ​បាន​កសាង​ប្រាសាទ​ភ្នំ​ជីសូរ ផ្នែក​ខ្លះ​នៃ​ប្រាសាទ​ព្រះវិហារ និងព្រះ​ខ័ន​កំពង់ស្វាយ។ គឺ​វ្រះបាទ​សូយ៌្យវម៌្មទី១ នេះ​ហើយ​ដែល​បាន​រៀប​ចំ​គំរោង​ប្លង់​ទីក្រុង​អង្គរ​ទី​២ ដែល​មាន​ប្រាសាទ​បាពួន ជា​ស្នូលហើយ​ដែល​ត្រូវ​បាន​កសាង​អោយ​សំរេចដោយ​ព្រះរាជបុត្រ ឬ​ចៅ​ក្មួយ​របស់​ព្រះអង្គ ដែល​សោយរាជ្យ​បន្ត​ពី​ព្រះអង្គ។

ក្នុង​ផ្នែក​សាសនា​វិញ វ្រះបាទ​សូយ៌្យវម៌្មទី១ គឺ​ជា​ព្រះមហាក្សត្រ​ខ្មែរ​សម័យ​អង្គរ​ដំបូង​គេ​បង្អស់ ដែល​កាន់​ព្រះពុទ្ធ​សាសនា​មហាយាន។ ក្នុង​រាជ្យ​ព្រះអង្គ​ក៏​ដូច​ជា​រាជ្យ​មុនៗ​ដែរ ថ្វី​ត្បិត​តែ​ព្រះអង្គ​កាន់​ពុទ្ធ​សាសនា ព្រះអង្គ​បាន​យក​ព្រះទ័យ​ទុក​ដាក់​នឹង​ព្រហ្មញ្ញសាសនា និង​សាសនា​ឯ​ទៀត​ដូច​គ្នា។

ជាក់ស្តែង ព្រះអង្គ​ទ្រង់​ចាត់​ចែង​អោយ​មន្ត្រី​របស់​ព្រះអង្គ​ជួស​ជុល​បូជនីយដ្ឋាន និង​បដិមា​ផ្សេងៗ​ខាង​ព្រហ្មញ្ញសាសនា ក្នុង​រាជធានី​ដែល​ខូចខាត​ដោយ​សង្គ្រាម​រដ្ឋប្បវេណីជាដើម។ ហើយ​ក៏​មាន​ចំណារ​នៃ​សិលាចារឹក​ខ្លះ​បាន​អោយ​ដឹង​ថា ក្នុង​រជ្ជកាល​របស់​ព្រះអង្គ ពួកអ្នក​កាន់​សាសនា​ព្រាហ្មណ៍ និង​កាន់​សាសនា​ព្រះពុទ្ធ​នៃ​យាន​ទាំង​ពីរ បាន​រួម​រស់​ដោយ​សុខសាន្ត​ជាមួយ​គ្នា​ទៀត​ផង កាលណោះដែរ ចក្រភពខ្មែរបានប្រកាន់ព្រហ្មញ្ញសាសនាវៃឝ្ណវ សូយ៌្យវម៌្មគឺជាអ្នកកាន់ពុទ្ធសាសនាមហាយានដែលទ្រង់មានការប្រោសប្រណីផងដែរដល់វត្តមានពុទ្ធសាសនាថេរវាទកំពុងរីកចំរើនក្នុងនគរខ្មែរ។ វ្រះបាទ​សូយ៌្យវម៌្មទី១ ទ្រង់​សោយ​ទិវង្គត​នៅ​ឆ្នាំ ​១០៥០ នៃ​គ្រិស្ដសករាជ ដោយ​មាន​ព្រះ​មរណនាម​ថា វ្រះបាទបរមនិវ្វានបទ ស្រដៀងព្រះនាម ស្ដេចក្នុងរឿងនិទានខ្មែរ ព្រះបាទនិព្វានបទ រឺ និព្វានបាទ រឺ និព្វានចក្រ។

សូយ៌្យវម៌្មទី១បានបង្កើតចំណងការទូតជាមួយរាជវង្សចោឡៈនៅឥណ្ឌាខាងត្បូង។ សូយ៌្យវម៌្មទី១បានបញ្ជូនរទេះចំបាំងមួយគ្រឿងជាអំណោយទៅដល់ចក្រវរ្តិនចោឡៈរាជរាជចោឡៈទី១។ វាហាក់បីដូចជាថាព្រះមហាក្សត្រខ្មែរសូយ៌្យវម៌្មទី១បានស្នើសុំជំនួយពីចក្រវរ្តិនចោឡៈដ៏មានឫទ្ធានុភាពរាជេន្ទ្រចោឡៈប្រឆាំងនឹងនគរតម្ព្រលិង្គ។ បន្ទាប់ដឹងអំពីសម្ព័ន្ធភាពរបស់សូយ៌្យវម៌្មជាមួយរាជេន្ទ្រចោឡៈ នគរតម្ព្រលិង្គក៏បានស្នើសុំជំនួយពីក្សត្រឝ្រីវិជយ សង្គ្រាមវិជយតុង្គវម៌្ម។ នៅទីបំផុត រឿងនេះបាននាំឱ្យចក្រភពចោឡៈធ្លាក់ក្នុងការប៉ះទង្គិចគ្នាជាមួយចក្រភពស្រីវិជ័យ។ សង្គ្រាមបានបញ្ចប់ជាមួយជ័យជំនះរបស់រាជវង្សចោឡៈ និងអង្គរនៃកម្វុជទេឝ ហើយការបាត់បង់ភាគច្រើនជារបស់ចក្រភពស្រីវិជ័យ និងនគរតម្ព្រលិង្គ។

រជ្ជកាលរបស់ព្រះអង្គបន្ត ប៉ុន្មាន ៤០ ឆ្នាំ ហើយទ្រង់បានចំណាយរយៈពេលនោះដើម្បីការពាររាជ្យសម្បត្តិរបស់ទ្រង់។ បានត្រូវគេស្គាល់ថាជា "ក្សត្រនៃច្បាប់យុត្តិធម៌" ទ្រង់បានពង្រឹងអំណាចនយោបាយរបស់ទ្រង់ដោយការអញ្ជើញមន្ត្រីក្នុងតំបន់ចំនួនបួនពាក់នាក់ចូលមកកាន់ព្រះបរមរាជវាំង និងស្បថស្បែសច្ចាប្រណិធានស្វាមីភក្ដិស្មោះស្ម័គ្រទៅនឹងទ្រង់។

ព្រះរាជវាំងរបស់ទ្រង់ស្ថិតនៅបរិវេណអង្គរធំ និងទ្រង់គឺជាអ្នកដំបូងក្នុងចំណោមក្សត្រខ្មែរការពាររាជវាំងដែលប្រកបដោយកំពែង។ នៅឆ្នាំ ១០២២ សូយ៌្យវម៌្មទី១បានពង្រីកទឹកដីរបស់ទ្រង់ទៅខាងលិចដល់លវបុរីនៅថៃ និងចូលទៅដល់លាវ។

សំណង់សំខាន់ៗបានសាងឡើងដោយស្ដេចអង្គនេះមាន ប្រាសាទព្រះវិហារ លើភ្នំដងរែក និងវិមានអាកាស។ សូយ៌្យវម៌្មទី១ក៏បានចាប់ផ្ដើមសាងអាងទឹកអង្គរទីពីរ បារាយណ៍ខាងលិច ដែលមានបណ្ដោយ ៨ គ.ម និងទទឹង ២,២ គ.ម។ វាអាចផ្ទុកបានច្រើនជាង ១២៣ លានលីត្រ។ នេះគឺជាបារាយណ៍ខ្មែរធំបំផុតដែលនៅគង់វង្ស។ មានការបញ្ជាក់មួយចំនួនថា សូយ៌្យវម៌្មទី១បានបញ្ជូនអំណោយទៅកាន់រាជេន្ទ្រចោឡៈទី១ ចក្រវរ្តិននៃចក្រភពចោឡៈដើម្បីសំរួលដល់ការដោះដូរពាណិជ្ជកម្មតាមដែលអាចធ្វើបាន។

ទ្រង់ត្រូវបានស្នងរាជ្យបន្តដោយព្រះរាជបុត្ររបស់ទ្រង់ ឧទយាទិត្យវម៌្មទី២ ដែលបានសុគតរង្វង់ឆ្នាំ ១០៦៦ ហើយហឝ៌វម៌្មទី៣ សទឝិវបទ បានឡើងសោយរាជ្យជំនួស។ ពេលក្រោយបានបន្តការតស៊ូប្រឆាំងនឹងការបះបោរផ្ទៃក្នុង និងការវាយប្រឆាំងការឈ្លានពានពីពួកចាមរហូតដល់ការសោយទិវង្គតរបស់ទ្រង់នៅឆ្នាំ ១០៨០។

                                     

1. ពង្សាវលី

  • ព្រះរាជបុត្រ ឧទយាទិត្យវម៌្មទី២, ហឝ៌វម៌្មទី៣
  • មានជាប់ញាតិខាងមាតារបស់ព្រះបាទឥន្ទ្រវម៌្មទី១ និងជាប់ញាតិត្រូវនឹងព្រះរាជបុត្រារបស់ព្រះអង្គគឺយឝោវម៌្មទី១
  • ព្រះរាជនត្តាក្សត្រី ព្រះនាម ឝ្រីជយរាជចូឌាមណី
  • ប្អូនថ្លៃ ព្រះរាជបុរោហិត ជយេន្ទ្របណ្ឌិត
  • ព្រះមហេសីព្រះនាម វីរលក្ឝ្មី
                                     

2. កាលវិភាគសិលាចារឹក

អត្ថប្រយោជន៏មួយទៀតនៃការសិក្សាសិលាចារឹក ដែលគេប្រមូលបានមកអាចអោយយើងកែតំរូវលទ្ធផលនៃការវិភាគកន្លងមក គេបានដឹងថាព្រះមហាក្សត្រខ្មែរបានឡើងសោយរាជ្យសម្បត្តិស្នងរាជ្យពីវ្រះបាទ​ឧទយាទិត្យវម៌្មទី១ ដែលបានចូលទិវង្គតនៅចន្លោះឆ្នាំ ១០០២ នៃគ.ស ក៏ប៉ុន្តែព្រះអង្គមិនមែនជាជនបរទេស ដូចជាគេបានប៉ាន់ស្មាននោះឡើយ។ ការសិក្សាវិភាគសិលាចារឹក K ៩២ នឹង K ៥៧៣ បានបញ្ជាក់អោយដឹងថា វ្រះបាទសូយ៌្យវម៌្មទី១ មានប្រភពពីសន្តតិវង្សជយវម៌្ម ក៏ប៉ុនែ្តជាត្រកូលនៃស្រឡាយសូយ៌វង្ឝទៅវិញ។ ដោយឡែក​ការសិក្សា​ស្រាវជ្រាវថ្មី ក៏បានអោយដឹងទៀតថា បា្រសាទធំៗ ដែលព្រះអង្គបានកសាងលើកំពូលភ្នំដូចជា ភ្នំជីសូយ៌ ភ្នំព្រះវិហារ ភ្នំវត្តភូ ជាដើម កសាងឡើងសំរាប់តំកល់ព្រះឝិវលិង្គរាជរបស់ព្រះអង្គ ដែលមាន​ឈ្មោះថា សិខរេឝ្វរ សូយ៌្យទ្រិ សូយ៌វម៌េតេឝ្វរ និង ជយលេស្ហេត្រ ។ល។

យោងទៅលើការវិភាគទិន្ន័យសិលាចារឹក យើងអាចនិយាយបានថា សិលាចារឹកទាក់ទិនទៅនិងពាក្យសម្បថនៅប្រាសាទវិមានអាកាស ក៏ដូចជាពាក្យសម្បថនៅទីកន្លែងផ្សេងៗ​ទៀតដែរ គឺជាអត្ថបទ​អក្សរសិល្ប៏ ហើយវាក៏ជាកំណត់ត្រាប្រវត្តិសាស្រ្តមួយយ៉ាងសំខាន់ បានបង្ហាញថា ជនជាតិខ្មែរនាសម័យមហានគរ ជាជនជាតិមូយច្បាស់លាស់ដឹងបុណ្យដឹងបាប ដឹងខុសដឹងត្រូវ ហើយបានលើក​តំលៃនៃសច្ចធម៌ សីលធម៌ យុត្តិធម៌និងភក្តីភាពយ៉ាងខ្ពស់ស្មើនិងជីវិត។ ហេតុនេះពាក្យសម្បថតំរួចពល មានអត្ថន័យ និងខ្លឹមសារដូចជាអត្ថបទសច្ចា​​ប្រណិធានរបស់​មន្រ្តីសម័យទំនើបនេះ។ ក្នុងអត្ថបទសម្បថរបស់វ្រះបាទសូយ៌្យវម៌្មទី១ យើងឃើញថា​មន្រ្តីគ្រប់ជាន់ថ្នាក់ក្នុងកម្វុជទេឝ ហ៊ានថ្វាយជីវិត កាត់ដៃ បើសិនជាក្បត់នឹងព្រះមហាក្សត្រ ដោយឃុបឃិតជាមួយសត្រូវ។ ម្យ៉ាងទៀង ពួកគេក៏សុខចិត្តចុះនរក​ ៣២ ជាន់ដើម្បីរងទុក្ខជារៀងរហូតដរាបណាព្រះអាទិត្យ និងព្រះចន្ទនៅតែមានពន្លឺ ដរាបនោះពួកគេនៅតែសោយទុក្ខវេទនា។

ការស្រាវជា្រវថ្មីៗរបស់យើង​ បានបំបាត់នូវភាពស្រពិចស្រពិលក្នុងប្រវត្តិសាស្ត្រកម្ពុជា ដែលពាក់ព័ន្ធទៅនឹងបញ្ហាដែលចោទឡើងថា តើវ្រះបាទ សូយ៌្យវម៌្មទេវ​ និងវ្រះបាទ សូយ៌្យវម៌្ម ជាព្រះរាជាតែមួយ​ព្រះអង្គទេ ឫមួយយ៉ាងតិចណា? ចំពោះយើង ព្រះនាមស្តេចទាំងពីរខាងលើនេះ គឺតំណាងអោយព្រះរាជាមួយព្រះអង្គ គឺវ្រះបាទសូយ៌្យវម៌្មទី១ ពោលគឺពុំមែនជាឈ្មោះមួយទៀតនៃវ្រះបាទជយវីវម៌្មទេវ ដូចដែលលោក​អៃ-ម៉ូនីញេ និងលោកល្វីហ្វីណូត៌ បានសន្និដ្ឋាននោះទេ​។