Топ-100
Back

ⓘ ផារិស៊ី ជានិកាយមួយនៅក្នុងសាសនាយូដា ដែលកាន់តាមច្បាប់ផ្សេងៗ និងទំនៀមទម្លាប់របស់ចាស់បុរាណ។ នៅសម័យកាលខុសៗគ្នា ផារិស៊ីជាគណបក្សនយោបាយមួយ ជាចលនាសង្គមមួយ និងជាក្រុមមនុស ..




                                     

ⓘ ផារិស៊ី

ផារិស៊ី ជានិកាយមួយនៅក្នុងសាសនាយូដា ដែលកាន់តាមច្បាប់ផ្សេងៗ និងទំនៀមទម្លាប់របស់ចាស់បុរាណ។

នៅសម័យកាលខុសៗគ្នា ផារិស៊ីជាគណបក្សនយោបាយមួយ ជាចលនាសង្គមមួយ និងជាក្រុមមនុស្សមួយក្រុមដែលមានគំនិតដូចគ្នានៅក្នុងទឹកដីដ៏វិសុទ្ធ។

ពួកផារិស៊ីជឿលើច្បាប់តូរ៉ាដែលគេនិយាយតៗគ្នា ជឿលើគម្ពីរព្យាការី សំណេរផ្សេងៗ និងជឿថាមានការរស់ឡើងវិញពីសេចក្ដីស្លាប់។

ក្រៅពីប្រវត្តិសាស្ត្រ និងអក្សរសាស្ត្រយូដា ផារិស៊ីត្រូវបានគេឃើញនៅក្នុងព្រះគម្ពីរសញ្ញាថ្មី ជាពួកអ្នកដែលប្រឆាំងនឹងយ៉ូហានអ្នកធ្វើពិធីជ្រមុជទឹក និងព្រះយេស៊ូវ។ មានឯកសារយោងមួយចំនួនទៀតដែរ នៅក្នុងព្រះគម្ពីរសញ្ញាថ្មី ដែលបញ្ជាក់ថាសាវ័កប៉ូលគឺជាផារិស៊ី។

                                     

1. កំណកំណើតផារិស៊ី

ក្រោយពីបានវាយឈ្នះកងកម្លាំងស៊ីលូស៊ីត ចន ហ៊ីកានុសក្មួយប្រុសរបស់យូដាស ម៉ាកាបូស បានបង្កើតរាជាធិបតេយ្យថ្មីមួយ ដោយមានបូជាចារ្យជាអ្នកដឹកនាំ គឺគាត់បានបង្កើតរាជ្យវង្សហាសម៉ូនាន ក្នុងឆ្នាំ១៥២មុន គ.ស។ ពួកបូជាចារ្យមានសិទ្ធិអំណាចទាំងខាងនយោបាយ ទាំងខាងសាសនា។

គណបក្សផារិស៊ី "ក្រុមផ្ដាច់ខ្លួន" បានកើតចេញពីក្រុមគ្រូវិន័យ និងពួកបណ្ឌិត។ ឈ្មោះផារិស៊ីនេះមកពីភាសាហេព្រើរ និងភាសាអើរ៉ាម parush or parushi, ដែលមានន័យថា "អ្នកដែលត្រូវបានញែកចេញ" គឺសំដៅទៅលើការញែកចេញពីពួកសាសន៍ដទៃ ពួកអ្នកដែលគ្មានពិធីសាសនាបរិសុទ្ធ ឬពួកយូដាដែលគ្មានសាសនា ក្នុងនិកាយផ្សេងៗរបស់ពួកយូដា ផារិស៊ីមានសកម្មភាពតាំងពីពាក់កណ្ដាលសតវត្សទី២មុន គ.ស រហូតដល់ការបំផ្លាញព្រះវិហារក្នុងឆ្នាំ៧០។ កត្តាមួយក្នុងចំណោមកត្តាជាច្រើនទៀតដែលបង្ហាញឲ្យឃើញថាផារិស៊ីខុសពីក្រុមផ្សេងទៀត មុនមានការបំផ្លាញព្រះវិហារ គឺជំនឿរបស់ពួកគេ ដែលពួកយូដាទាំងអស់ត្រូវតែកាន់តាមក្រឹត្យវិន័យបរិសុទ្ធ ដែលត្រូវអនុវត្តចំពោះការថ្វាយបង្គំនៅក្នុងព្រះវិហារ នៅក្រៅព្រះវិហារ។ យ៉ាងណាមិញ ភាពខុសប្លែកគ្នាយ៉ាងខ្លាំងគឺការប្រកាន់ខ្ជាប់ជានិច្ចរបស់ពួកផារិស៊ីនូវក្រឹត្យវិន័យ និងទំនៀមទម្លាប់របស់ប្រជាជនយូដា។ យ៉ូសែបភូសបានបញ្ជាក់ថា ពួកផារិស៊ីត្រូវបានគេចាត់ទុកថាជាកំពូលអ្នកជំនាញ និងជាអ្នកបរិយាយយ៉ាងត្រឹមត្រូវ ខាងក្រឹត្យវិន័យយូដា។

យ៉ូសែបភូសបញ្ជាក់ថាផារិស៊ីបានទទួលការគាំទ្រ និងមេត្រីភាពពីប្រជាជនធម្មតា ខុសពីពួកអធិបតីសាឌូស៊ីជាពួកអ្នកដែលមានទំនាក់ទំនងនឹងពួកអ្នកដឹកនាំ។ ខុសពីពួកសាឌូស៊ីដែលជាពួកអភិជនដែលប្រកាន់យករបបរាជាធិបតេយ្យ ជាទូទៅពួកផារិស៊ីជាអ្នកដែលមិនតាមតែគោលគំនិតណាមួយឡើយ។ ពួកគេមានប្រជាប្រិយភាព និងមានលក្ខណៈប្រជាធិបតេយ្យជាងពួកសាឌូស៊ី។

                                     

2. ផារិស៊ី និងសាសនាគ្រីស្ទ

ផារិស៊ីមានឃើញនៅក្នុងព្រះគម្ពីរសញ្ញាថ្មី ដែលពួកគេមានជម្លោះជាមួយគ្នាឯង និងយ៉ូហានអ្នកធ្វើពិធីជ្រមុជទឹក ព្រមទាំងព្រះយេស៊ូវ ដោយសារនីកូដេមអ្នកផារិស៊ីយ៉ូហាន ៣:១ ជាមួយយ៉ូសែបអ្នកអើរីម៉ាថេបានកប់ព្រះសពព្រះយេស៊ូវ ទាំងប្រថុយជីវិតយ៉ាងខ្លាំង។ លោកកាម៉ាលា ជារ៉ាប៊ីដែលគេគោរពយ៉ាងខ្លាំង និងជាអ្នកការពារពួកសាវ័ក ក៏ជាផារិស៊ីដែរ ហើយយោងតាមទំនៀមទម្លាប់គ្រីស្ទានមួយចំនួន គឺគាត់បានក្លាយជាគ្រីស្ទានដោយសម្ងាត់។

មានឯកសារយោងមួយចំនួននៅក្នុងព្រះគម្ពីរសញ្ញាថ្មី ដែលបញ្ជាក់ថាសាវ័កប៉ូលជាផារិស៊ី មុនគាត់ក្លាយជាគ្រីស្ទាន ហើយមានសមាជិកផ្សេងទៀតរបស់និកាយផារិស៊ីបានក្លាយជាគ្រីស្ទានដែរ កិច្ចការ ១៥:៥។ មានសមាជិកខ្លះពីក្រុមរបស់លោកប៉ូល បានប្រកែកថាសាសន៍ដទៃដែលត្រឡប់មកជាគ្រីស្ទាន ត្រូវតែទទួលពិធីកាត់ស្បែក ហើយកាន់តាមក្រឹត្យវិន័យរបស់ម៉ូសេ។

ព្រះគម្ពីរសញ្ញាថ្មី ជាពិសេសកណ្ឌគម្ពីរម៉ាថាយ ម៉ាកុស និងលូកា បានបង្ហាញឲ្យឃើញថាពួកមេដឹកនាំផារិស៊ីតែងតែគិតអំពីច្បាប់ដែលបង្កើតឡើងដោយមនុស្ស ជាពិសេសច្បាប់ស្ដីអំពីភាពបរិសុទ្ធ ខុសពីព្រះយេស៊ូវដែលព្រះអង្គតែងតែគិតអំពីសេចក្ដីស្រឡាញ់របស់ព្រះជាង។ ផារិស៊ីមិនរាប់រកមនុស្សបាបទេ រីឯព្រះយេស៊ូវវិញ ព្រះអង្គស្វែងរកមនុស្សបាប។

តាមរយៈព្រះគម្ពីរយើងឃើញថាព្រះយេស៊ូវបានប្រកាសថាបាបរបស់មនុស្សស្លាប់មួយចំហៀងខ្លួនត្រូវបានលើកលែងទោស ហើយពួកផារិស៊ីហៅការនោះថាជាការប្រមាថព្រះ។ នៅក្នុងរឿងនេះ ព្រះយេស៊ូវបានប្រឈមនឹងការចោទប្រកាន់ថា ព្រះអង្គគ្មានអំណាចលើកលែងទោសបាប ហើយក៏គ្មានអំណាចប្រោសមនុស្សឲ្យជាដែរ។ គ្រីស្ទានជាច្រើនបកស្រាយពាក្យឧបមាស្ដីអំពីមនុស្សស្លាប់មួយចំហៀងខ្លួន ដោយបង្ហាញថាបទបង្រៀនរបស់ពួកផារិស៊ី ដែលមនុស្សជាអ្នកបង្កើត បានធ្វើឲ្យពួកគេទៅជាខ្វាក់ភ្នែក និងមានចិត្តរឹង ដោយសារពួកគេមានៈក្នុងការបដិសេធមិនព្រមជឿសិទ្ធិអំណាចរបស់ព្រះអង្គ។

យោងតាមអ្វីដែលពួករ៉ាប៊ីបានកត់ត្រា ប្រវត្តិវិទូមួយចំនួនបានបញ្ជាក់ថាអ្វីដែលព្រះយេស៊ូវបានធ្វើ មានលក្ខណៈស្រដៀងគ្នា ហើយស៊ីគ្នានឹងជំនឿ និងការអនុវត្តរបស់ពួកយូដា គឺថាជាធម្មតាជំងឺផ្សេងមានការពាក់ព័ន្ធនឹងបាប ហើយការប្រោសឲ្យជាមានការពាក់ព័ន្ធនឹងការអត់ទោស។ យោងតាមព្រះគម្ពីរសញ្ញាថ្មី ពួកផារិស៊ីចង់ដាក់ទោសព្រះយេស៊ូវ ដោយសារព្រះអង្គប្រោសមនុស្សស្វិតដៃឲ្យជានៅថ្ងៃសប្ប័ទ។ គ្មានច្បាប់ណាមួយរបស់ពួករ៉ាប៊ី ដែលអាចបញ្ជាក់ថាព្រះយេស៊ូវបានធ្វើអ្វីខុសនឹងថ្ងៃសប្ប័ទឡើយ។

បណ្ឌិតមួយចំនួនជឿថាព្រះបន្ទូលនៅក្នុងព្រះគម្ពីរសញ្ញាថ្មីដែលប្រឆាំងយ៉ាងខ្លាំងនឹងពួកផារិស៊ី ត្រូវបានសរសេរឡើងក្រោយពីការបំផ្លាញព្រះវិហាររបស់ហេរ៉ូឌកក្នុងឆ្មាំ៧០។ ក្រោយពីមានការបំផ្លាញព្រះវិហារមក មានតែសាសនាគ្រីស្ទ និងលទ្ធិផារិស៊ីប៉ុណ្ណោះដែលនៅសល់ ហើយភាគីទាំងពីរនេះប្រឆាំងគ្នាមួយរយៈខ្លី រហូតដល់ផារិស៊ីបានក្លាយជាអ្នកមានឥទ្ធិពលខ្លាំងនៅក្នុងសាសនាយូដា។ នៅពេលពួកយូដាជាច្រើនមិនព្រមកែប្រែចិត្តជឿព្រះយេស៊ូវ គ្រីស្ទានជាច្រើនបានងាកទៅផ្សព្វផ្សាយដល់សាសន៍ដទៃវិញ។ គ្រីស្ទានជាច្រើនត្រូវតែពន្យល់ថាហេតុអ្វីបានជាពួកអ្នកដែលបានកែប្រែចិត្តជឿព្រះយេស៊ូវ ត្រូវតែស្ដាប់ពួកគេជាជាងស្ដាប់ពួកយូដាដែលមិនជឿព្រះយេស៊ូវ ហើយត្រូវតែពន្យល់ពួកអ្នកដែលបានកែប្រែចិត្តទាំងនោះ កុំឲ្យចូលរួមជាមួយយូដាដែលបះបោរប្រឆាំងនឹងសិទ្ធិអំណាចរ៉ូម និងសិទ្ធិអំណាចទូទៅ។

                                     

3. ឯកសារយោង

  • Baron, Salo W. A Social and Religious History of the Jews Vol 2.
  • Schwartz, Leo, ed. Great Ages and Ideas of the Jewish People
  • Gowler, David B. 1991/2008 Host, Guest, Enemy, and Friend: Portraits of the Pharisees in Luke and Acts
  • Roth, Cecil A History of the Jews: From Earliest Times Through the Six Day War 1970
  • Fredriksen, Paula 1988 From Jesus to Christ
  • Neusner, Jacob Invitation to the Talmud: a Teaching Book 1998
  • Sacchi, Paolo 2004 The History of the Second Temple Period, London: T & T Clark International, 2004,
  • Cohen, Shaye J.D. 1988 From the Maccabees to the Mishnah
  • Halevi, Yitzchak Isaac Dorot HaRishonim Heb.
  • Segal, Alan F. Rebeccas Children: Judaism and Christianity in the Roman World, Harvard University Press, 1986,
  • Boccaccini, Gabriele 2002 Roots of Rabbinic Judaism
  • Bruce, F.F., The Book of Acts, Revised Edition Grand Rapids: William B. Eerdmans Publishing Company, 1988
  • Neusner, Jacob Torah From our Sages: Pirke Avot